Labels

Sunday, March 24, 2013

ជំពាក់លុយគេហើយ មិនព្រមសង ព្រួតគ្នា វាយម្ចាស់លុយ បណ្ដាលឱ្យ បែកភ្នែកស្ទើរ ខ្វាក់ , News

ភ្នំពេញ ជនបង្កមួយគ្រួសារ ជាពិសេស ជនបង្កជាប្អូនប្រុស បាននាំគ្នាព្រួតវាយទៅ ភាគី​ម្ខាង​ទៀត បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ បែក​ភ្នែក​ស្ទើរ​ខ្វាក់ មើល​មិន​ឃើញ ដែល​ជម្លោះ​វាយ​ទាត់​ធាក់​គ្មាន​ត្រា​ប្រណី​ខាង​លើ​នេះ បាន​ផ្ដើម​ចេញ​ពី​ការ​ជំពាក់​ប្រាក់​មិន​សង ហើយ​ខឹង​ម្ចាស់​លុយ ដែល​ជា​ជន​រងគ្រោះ​នាំ​គ្នា​ទៅ​ទារ​ដល់​ផ្ទះ កើត​ចេញ​ជា​កំហឹង​ព្រួត​វាយ​តែ​ម្ដង ពុំ​មាន​ការ​ជួយ​អន្ដរាគមន៍ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយទុក​រហូតឱ្យ​ជន​បង្ក ដែល​អាង​មាន​លុយ​និង​អំណាចរត់​គេច​ខ្លួន រហូត​មក​ដល់​ពេល​នេះមិន​ទាន់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ ។
ករណី​បង្ក​អំពើ​ហិង្សា ដែល​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ បណ្ដាល​ឱ្យ​ជន​រងគ្រោះ​ជា​ម្ចាស់​លុយ រង​របួស​ធ្ងន់​និង​របួស​ស្រាល ចំនួន​៤​នាក់ និង​ជា​ស្ដ្រី​ទន់ខ្សោយ​ផង​នោះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៣ ប៉ុន្ដែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ ជន​បង្ក​មិន​ទាន់​ត្រូវ​បាន ចាប់​ខ្លួន​នៅ​ឡើយ​ទេ និង​កំពុង​ដើរ​ហើរ​មាន​សេរីភាព​នៅ​ឡើយ ។
អំពើ​អយុត្ដិធម៌ ដែល​មិន​គួរ​កើត​មាន នៅក្នុង​សង្គម​ខ្មែរ​បែប​នេះ ត្រូវ​បាន​ជន​រង​គ្រោះ រៀប​រាប់​ពី​ដំណើរ​រឿង​ថា ខ្លួន​មាន​ឈ្មោះ វង្ស ម៉ាលី កាលពី​វេលាម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ ខែ មករា ឆ្នាំ​២០១៣ បុរស​ជនជាតិ​ចិន​ឈ្មោះ ស៊ឹង ស៊ី អាយុ ៤០ឆ្នាំ បាន​ទូរស័ព្ទ​ប្រាប់​អ្នកស្រី ឱ្យ​ទៅ​យក​លុយ​ដែល ជំពាក់ នៅ​នឹង​ផ្ទះ​លេខ ៥០ សង្កាត់​អូរឫស្សី​ទី១ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ។
អ្នកស្រី​បាន​បន្ដ​ថា ពេល​នោះ​ខ្លួន​ក៏​បាន​ធ្វើ​ដំណើរ ជាមួយ​បង​ប្អូន​និងកូន​៣នាក់ ផ្សេង​ទៀត សុទ្ធ​តែ​មនុស្ស​ស្រី ឆ្ពោះ​ទៅ​កាន់​ផ្ទះ​បុរស​ជនជាតិ ចិនដែល​ស្ថិត​នៅ​ទីតាំង​ខាងលើ ។ អ្នក​ដែល​រួម​ដំណើរ​ទៅ​ជាមួយ​អ្នកស្រី វង្ស ម៉ាលី រួមមាន អ្នកស្រី វង្ស ម៉ាឡា អាយុ ៥៥ឆ្នាំ ជាប្អូនស្រី, អ្នកស្រី វង្ស ម៉ានី អាយុ ៤១ឆ្នាំ ជាប្អូនស្រី និងឈ្មោះ វង្ស ចំរើន ជាកូនស្រី របស់​អ្នកស្រី តែម្ដង ។
ជន​រងគ្រោះ​ជា​ស្ដ្រី​ភេទ​រូប​នេះ​បាន​បន្ដ​ថា បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅដល់​ផ្ទះ​កើត​ហេតុ​ខាងលើ ក៏​បាន​អង្គុយ​រង់ចាំ​ប្រមាណ​កន្លះ​ម៉ោង បន្ទាប់​មក​ទើប​បុរស​ជនជាតិ​ចិន ឈ្មោះ ស៊ី ចេញ​មក​ប្រាប់​ថា គេ​មិន​បាន​ទុក​ប្រាក់​សុទ្ធ​នោះ​ឡើយ មាន​តែ​សែក  ដោយ​មាន​ទឹកប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ ដែល​ជា របស់​ម្ចាស់​ផ្ទះ​ឈ្មោះ សុខ ហង ដូច្នេះ ក្រោយ​ពេល​ទទួល​សែក ដែល​មាន​ទឹកប្រាក់​ចំនួន ២ម៉ឺន​ដុល្លារ លើស៣ពាន់​ដុល្លារ នៃ​ថ្លៃ​ជំពាក់​នោះ អ្នកស្រី​បាន អាប់​លុយ​សុទ្ធ​ចំនួន ៣ពាន់ដុល្លារ ទៅ​ឱ្យ​បុរស​ជនជាតិ​ចិន​រូប​នេះ។ បន្ទាប់​ពីទទួល​បាន​សែក​រួច​ហើយ ស្ដ្រី​រងគ្រោះ ក៏​បាន​ស្រូត​រូតរះ ជិះ​រថយន្ដ​ឆ្ពោះ​ទៅ​ធនាគារ​កាណាឌីយ៉ា  ដើម្បី​បើក​លុយ ប៉ុន្ដែ​ផ្ទុយ​ស្រឡះ ពេល​ទៅ​ដល់​ធនាគារ បែរ​ជា​ម្ចាស់​សែក​បាន​ដាក់​ឆ្នាំ​ខុស គឺ​ឆ្នាំ​២០១២ មិនមែន​ឆ្នាំ​២០១៣​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​ធនាគារ​ប្រាប់ អ្នកស្រី ឱ្យ​យក​សែក​ត្រឡប់​ទៅ​វិញ ដើម្បី​ឱ្យ​ម្ចាស់​សែក​កែ​សា​ជា​ថ្មី ។
អ្នកស្រី វង្ស ម៉ាលី បាន​រៀបរាប់​ទៀតថា បន្ទាប់​ពី​​ដឹង​ថា​សែក​នេះ​ខុស​ប្រក្រតី និង​មិន​អាច​បើក​លុយ នៅ​ធនាគារ​បាន​នោះ អ្នកស្រី​ក៏​នាំ​គ្នា​ជិះ​រថយន្ដ​ត្រឡប់​ទៅ​ផ្ទះ​កើត​ហេតុ​ម្ដង​ទៀត ហើយ​ពេល​ទៅ​ដល់ អ្នកស្រី​ក៏​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង ប៉ុន្ដែ​លើក​នេះ​មិន​បាន​ជួប បុរស​ជនជាតិ​ចិន​នោះ ឡើយ ជួប​តែ​ឈ្មោះ សុខ ហង ដែល​ជា​ម្ចាស់សែក។
អ្នកស្រី​បាន​បន្ដ​ថា ពេល​ជួប​ម្ចាស់​សែក ឈ្មោះ សុខ ហង ហើយអ្នកស្រី​ក៏​បាន​រៀបរាប់ និង​ឱ្យ​ម្ចាស់​សែក​ជួយ​កែ​សម្រួល ប៉ុន្ដែឈ្មោះ សុខ ហង បានប្រាប់ ថាគេ​នឹង​ទូរស័ព្ទ​ទៅ​ធនាគារ ប្រាប់​ពី​រឿង​នេះ។ ប៉ុន្ដែ​ដោយសារ​តែ​មិន​ទុក​ចិត្ដ អ្នកស្រី វង្ស ម៉ាលី ក៏​បបួល​ឈ្មោះ សុខ ហង ទៅ​ធនាគារ ជាមួយ​គ្នា ។ បើ​ទោះ​បី​ការ​បបួល​យ៉ាងណា​ក៏​ដោយ ក៏​ឈ្មោះ សុខ ហង មិន​ព្រម​ទៅ ហើយ អះ​អាង​ថា បាន​ទូរស័ព្ទ​ទៅ​ធនាគារ​រួចហើយ និង​ថែម​ទាំង​និយាយ​ឌឺ​ឱ្យ​ទៀត​ថា លុយ​ត្រឹម​២ម៉ឺន​ដុល្លារសោះ ធ្វើឱ្យ ស៊យ​ទាំង​ព្រឹក ហើយ​ក៏​ដេញ​អ្នកស្រី​ចេញ​ពី​ផ្ទះ​ទៀត​ផង ។
ស្ដ្រី​រងគ្រោះ​រូបនេះ ដែល​មាន​លុយ​ឱ្យ​គេ​ខ្ចីហើយ ថែម​ទាំង​ត្រូវ​គេ​វាយ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ទៀត​នោះ បាន​បន្ដ​ថា ដោយសារ​តែ​ត្រូវ​ម្ចាស់​ផ្ទះ​ឈ្មោះ សុខ ហង ដេញ​ចេញ​ពី​ផ្ទះ និង​មិន​ព្រម​សង​ប្រាក់​ដែល​ជំពាក់​នោះ អ្នកស្រី​ក៏​បាន​ទូរស័ព្ទ​ទៅ​បុរស​ជនជាតិ​ចិន ឈ្មោះ ស៊ី រៀបរាប់​ពី​រឿង​នេះ ។ បន្ទាប់​មក បុរស​ឈ្មោះ ស៊ី បាន​ឆ្លើយ​ថា គាត់​នឹង​ត្រឡប់​មក​ដល់​ឥឡូវ​ហើយ ដើម្បី​ដោះ​ស្រាយ បញ្ហា​នេះ ។ ដោយ​ឃើញ​អ្នកស្រី វង្ស ម៉ាលី ដែល​ជា បងស្រី​របស់​ខ្លួន ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឈ្មោះ សុខ ហង យូរពេក អ្នកស្រី វង្ស ម៉ានី បាន​ចេញ​ពី​រថយន្ដ ទៅ​មើល​បងស្រី​របស់ខ្លួន ប៉ុន្ដែគ្រាន់តែចូល ទៅ​ដល់​ភ្លាម ត្រូវ​ឈ្មោះ សុខ ហង ជេរ​បញ្ចោរ សុទ្ធ​តែប្រើ​ពាក្យ​ថា “មីចុយម្រាយ” ពេលនោះ​អ្នកស្រី វង្ស ម៉ានី បាន​ឆ្លើយ​ត្រឡប់​ទៅ​វិញ ថា “ខ្ញុំ​មក​យក​លុយ​ខ្ញុំតើ ខ្ញុំ​មិនមែន​រករឿង​អ្នក​ឯង​ទេ ”។
នៅ​ពេល​ត្រូវ​ឈ្មោះ សុខ ហង ជេរ​យ៉ាង​ដូច្នេះ អ្នកស្រី វង្ស ម៉ាលី បាន​ដើរ​ចេញ​ពី​ផ្ទះ ដោយ​កំពុង​និយាយ​ទូរស័ព្ទ ស្រាប់​តែ​ជន​បង្ក​ម្នាក់ ដែល​ត្រូវ​ជា ប្អូន​ប្រុស​របស់ សុខ ហង ឈ្មោះ សុខ ទី អាយុ​ជាង ២០​ឆ្នាំ បាន​ចេញ​ពី​ក្នុង​ផ្ទះ មក​ចាប់​អ្នក​ស្រី ហើយ​ដាល់​ចំ​ភ្នែក បណ្ដាល​ឱ្យ​បែក​ឈាម​ហូរ​រហាម និង​វាយ​ជាច្រើន​ដៃ​ថែម​ទៀត​ទៅ​លើ​មុខ។ ភ្លាមៗ​នោះ​បងស្រី​របស់​ជន​បង្ក​ឈ្មោះ សុខ ទី ២​នាក់​ផ្សេង​ទៀត ក៏​បាន​ស្ទុះ​មក​វាយ​អ្នកស្រី វង្ស ម៉ាលី ហើយ ឈ្មោះ សុខ ហង ក៏​បាន​យក​កៅអី​វាយ​ចំ​ខ្នង ហើយ​បោច​សក់​ពីក្រោយ​ទៀត​ផង ។ ដោយ​ឃើញ​ជន​បង្ក​ទាំងនេះ វាយ​បង​ស្រី​របស់ខ្លួន​នោះ ស្ដ្រី​ជា​ប្អូន​ឈ្មោះ វង្ស ម៉ានី ក៏​ស្ទុះ​ទៅ​ឃាត់ ហើយ​ក៏​ត្រូវ​ឈ្មោះ សុខ ទី ដាល់​ចំ​មួយ​ដៃទៀត​ចំ​ភ្នែក និង​ក បណ្ដាល​ឱ្យរង​របួស​ធ្ងន់ ។ ភ្លាមៗ​នោះ អ្នកស្រី វង្ស ម៉ាឡា និង វង្ស ចំរើន ក៏បានចុះពីរថយន្ដ បម្រុង​ទៅឃាត់ ប៉ុន្ដែត្រូវជនបង្កឈ្មោះ សុខ ទី ស្ទុះ​មក​វាយ​ថែម​ទៀត ហើយ​បាន​ហក់​ធាក់​ចំ អ្នកស្រី វង្ស ម៉ាឡា ចំពោះ​មួយ​ជើង បណ្ដាល​ឱ្យ​អុក​គូថ ។
បន្ទាប់​ពីបង្ក​អំពើ​ហិង្សា​យ៉ាង​អយុត្ដិធម៌ និង​មិន​ខ្លាច​ច្បាប់​ស្រុក​ទេស​នោះ ជនបង្កឈ្មោះ សុខ ទី និង សុខ ហង បាន​គេច​ខ្លួន​បាត់ ខណៈ​ដែល ឪពុក​ជន​បង្ក​រូប​នេះ មិន​បាន​ឃាត់​ការ​វាយ​លើ ជន​រងគ្រោះ​ឡើយ បើទោះ​បី​ឃើញ​ផ្ទាល់​ភ្នែក​ក៏​ដោយ ។ បើ​តាម​ស្ដ្រី​រង​គ្រោះ មួយ​សន្ទុះ​ក្រោយ​មក ទើប​ឃើញ សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ ខណៈជន​បង្ក​រត់​គេច​ខ្លួន និង​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយទេ ​រហូត​មក​ដល់ ​ពេល​នេះ ។
ចំពោះ​អំពើ​ហិង្សា​ដោយ​អយុត្ដិធម៌ កើត​ឡើង​ខាងលើ​នេះ ជន​រងគ្រោះ​បាន​ដាក់ ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័ន​សមត្ថកិច្ច និងតុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់ និង​អំពាវនាវ​ទៅ​កាន់​សមត្ថកិច្ច ពាក់​ព័ន្ធ ផ្ដល់​យុត្ដិធម៌​ជូន​អ្នកស្រី ដែល​មាន​លុយ​ឱ្យ​គេ​ខ្ចី​ហើយ ថែម​ទាំងត្រូវ​គេ​​វាយ​បណ្ដាល​ឱ្យ​រង របួស​ធ្ងន់​ថែម​ទៀត​ផង ។
មជ្ឈដ្ឋាន​មួយ​ចំនួន បាន​ចាត់​ទុកថា សកម្មភាព​របស់​ជន​បង្ក​ខាងលើ​នេះ គួរ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ភ្លាមៗ ហើយ​ត្រូវ​តុលាការ​ផ្ដន្ទា​ទោសតាម​ផ្លូវ​ច្បាប់ ពីព្រោះ​វា​ពិត​ជា​រឿង​អយុត្ដិធម៌​ខ្លាំង​ណាស់ដែល​ជំពាក់​ លុយ​គេ​មិន​ព្រម​សង ថែម​ទាំង​វាយ​គេឱ្យ​រង​របួស​ធ្ងន់​ទៀត​នោះ៕





ប្រភព ដើមអម្ពិល

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms